Materials

 5 ចំណុច ដែលត្រូវដឹងអំពី ផ្សារធំថ្មី !




    1. ផ្សារធំថ្មី ដែលត្រូវបានគេស្គាល់ជាភាសារអង់គ្លេសថា Central Market ត្រូវបានសាងសង់ក្នុងខែសីហា ឆ្នាំ1935 ហើយត្រូវបានបញ្ចប់រួចរាល់នៅខែមិថុនា ឆ្នាំ1937 ក្រោមជំនួយរបស់បារាំង ក្នុងរជ្ជកាលគ្រប់គ្រងរាជសម្បត្តិដោយព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស។ អ្នកគូរប្លង់ផ្សារធំថ្មីគឺជាជនជាតិបារាំងឈ្មោះ Jean Desbois ហើយសាងសង់ដោយក្រុមហ៊ុន [ឥណ្ឌូចិនសាយហ្គន]។


    2. ទម្រង់ដ៏ទាក់ទាញចំណាប់អារម្មណ៍របស់ ផ្សារធំថ្មីគឺចំណុចកណ្តាលមើលទៅដូចជាភ្នំដ៏ស្រស់ស្អាតមួយដែលមានលំដាប់ថ្នាក់ដូចជាកាំជណ្តើរហើយមានស្លាបចំនួន4ដែលមើលពីលើទៅដូចជាស្លាបឧទ្ធម្ភាគចក្រឬដូចជាទម្រង់ក្បាច់ចក្កច័ន្ទ។ ឯកសារបារាំងបញ្ជាក់ពីអត្ថន័យនៃរូបរាង ឬទម្រង់នៃផ្សារធំថ្មីថា “ដំបូលមានរាងមូលនៃផ្សារធំថ្មីគឺតំណាងទីប្រជុំជន ឬទីប្រសព្វនៃទីក្រុងភ្នំពេញ។ ចំណែកឯអាគារស្លាប4ទៀតតំណាងអោយប្រសព្វគ្នានៃទន្លេទាំង4 គឺទន្លេចតុមុខ” ។ សំណង់ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងតាមម៉ូដអាគារ បែបសម័យអាណានិគមបារាំង មានលំនាំម៉ូដ Art Deco ហើយត្រូវបានលាបពណ៌លឿង។


    3. ទីតាំងនៃការសាងសង់ផ្សារធំថ្មី ឯកសារប្រវត្តិសាស្រ្តខ្មែរអះអាងថានៅឆ្នាំ1431 (ខ្លះថា1433) ព្រះបាទពញាយ៉ាតបានសម្រេចព្រះទ័យលើករាជធានីពីក្រុងអង្គរទៅទីតាំងថ្មីនៅទួលបាសាន្តក្នុងខេត្ត ស្រីសឈរ (ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម)។ ប៉ុន្តែដោយមានទឹកជំនន់ធំខុសពីធម្មតាព្រះអង្គគង់នៅទួលបាសាន្តបានតែមួយឆ្នាំគឺឆ្នាំ1432 (ឬឆ្នាំ1434) ព្រះបាទពញាយ៉ាត ក៏បញ្ជាឲ្យលើករាជធានីពីទួលបាសាន្ត ទៅទីតាំងនៅភ្នំដូនពេញចតុមុខវិញ។ លុះយាងមកដល់ភ្នំដូនពេញ ហើយព្រះអង្គក៏បង្គាប់ឲ្យចៅពញាតេជោ ចៅហ្វាយខេត្តសំរោងទង កេណ្ឌប្រជារាស្រ្តលើកដីចាក់បំពេញ តំបន់នៅជំវិញវត្តភ្នំ និងក្នុងព្រះបរមរាជវាំង។ តំបន់នោះក៏ក្លាយទៅជារាបស្មើល្អ រហូតដល់មាត់ទន្លេ ចាប់តាំងពីពេលនោះមកអ្នកស្រុកហៅថា “កំពង់រាប” ។ រីឯតំបន់ដែលចៅពញាតេជោឲ្យប្រជារាស្រ្តជីកយកអាចម៍ដីទៅចាក់បំពេញនៅកំពង់រាបនោះក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយអ្នកស្រុកហៅថា “បឹងតេជោ” គឺហៅតាមឈ្មោះចៅពញាតេជាដែលជាអ្នកដឹកនាំការជីកដីគ្រានោះឯង។ ក្រោយមកកម្ពុជាបានស្ថិតក្រោមអាណានិគមបារាំង អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លុបបឹងតេជោពីអតីតកាលនោះទាំងស្រុងដើម្បីសាងសង់ផ្សារដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញគឺផ្សារធំថ្មីនេះឯងដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ និយាយឲ្យខ្លី ទីតាំងផ្សារធំថ្មីសព្វថ្ងៃគឺទីតាំងលើផ្ទៃបឹងតេជោពីអតីតកាល។


    4. ពីឆ្នាំ1975 រហូតដល់ដើមឆ្នាំ1979 ផ្សារធំថ្មី ត្រូវបានផ្អាកទាំងស្រុង ហើយត្រូវបានខ្មែរក្រហមយកធ្វើជាឃ្លាំងដាក់ជី ដាំដើមដូង និងដើមចេកជុំវិញផ្សារ នាំឲ្យផ្សារថ្មីត្រូវខូចជាអន្លើៗ ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារបានខូចខាតទាំងស្រុង។ ឆ្នាំ1979 ខ្មែរក្រហមត្រូវបានផ្តួលរំលំ កម្ពុជាត្រូវបានស្តារសេដ្ឋកិច្ចឡើងវិញ ផ្សារធំថ្មីក៏ត្រូវបានរៀបចំជាបណ្តើរៗទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់រាជធានីភ្នំពេញ។ អាគារផ្សារធំថ្មីត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់រាជធានីភ្នំពេញ។


    5. ដោយសារសំណង់អាគារផ្សារធំថ្មីមានការប្រេះស្រាំ និងជ្រាបទឹកតាមកន្លែងមួយចំនួននោះ នៅថ្ងៃទី25 ខែតុលា ឆ្នាំ2004 សាលារាជធានីភ្នំពេញ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុសញ្ញាជាមួយទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានជាទឹកប្រាក់ចំនួន 4លាន 5សែនអឺរ៉ូ សម្រាប់ជួសជុល និងកែលម្អ ឡើងវិញ។ ថ្ងៃទី27 ខែមករា ឆ្នាំ2009 ការជួសជុល និងការកែលម្អ ត្រូវបានចាប់ផ្តើមដោយក្រុមហ៊ុន Villa Parc Engineering ជាអ្នកម៉ៅការសាងសង់ ក្រុមហ៊ុន Kosan Engineering ជាអ្នកប្រឹក្សាបច្ចេកទេស ហើយ ក្រុមហ៊ុនស្ថាបត្យកម្ម Arte Charpentier Architects ជាស្ថាបត្យករ។ ដោយរក្សាការលាបពណ៌លឿង ដូចកាលពី 74ឆ្នាំមុន ក្រោយការជួសជុលអស់រយ:ពេល7ឆ្នាំ នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2011 ផ្សារធំថ្មីត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញ៕











c



Tags: Khmer Architecture

Post a Comment

0 Comments

Skip to main content