Materials

         4 ចំណុច ដែលត្រូវដឹងអំពី វត្តភ្នំដើមកំណើតក្រុងភ្នំពេញ !


    1. វត្តភ្នំ (Wat Phnom) គឺជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកម្ពស់ 27 ម៉ែត្រ ដែលត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ1372 និងជាសំណង់សាសនាដែលមានកម្ពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ កន្លងមកក៏ដូចសព្វថ្ងៃវត្តភ្នំ (ភ្នំដូនពេញ) គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយនៅកណ្តាលទីក្រុងភ្នំពេញដែលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិនិយមទៅកម្សាន្ត និងទស្សនា។


    2. មានរឿងដំណាលមួយដែលល្បីជាងគេ ហើយមានលក្ខណ:ជាប្រវត្តិសាស្រ្តជាងគេ គឺមានដូនចាស់ម្នាក់ឈ្មោះ ពេញ គាត់បានសាងសង់ផ្ទះរបស់គាត់ នៅជិតមាត់ច្រាំងនៃទន្លេមេគង្គ នៅលើទីទួលមួយ។ នៅថ្ងៃមួយមានទឹកជំនន់ធំ ធ្វើអោយលេចលង់ជំវិញទួលនោះទាំងអស់ ដូនពេញក៏ចុះពីផ្ទះរបស់គាត់ដែលសង់ខ្ពស់ពីដី ហើយក៏បានឃើញមានដើមគគីរធំមួយ ដែលបានរសាត់តាមខ្សែទឹកហើយមកប៉ះជាប់នឹងមាត់ច្រាំង។ ឃើញដូច្នោះដូនពេញ ក៏ហៅអ្នកជិតខាងអោយមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញមានព្រះពុទ្ធរូប4អង្គតូចៗ ធ្វើអំពីសំរឹទ្ធ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះជារូបព្រះនរាយណ៍ ទ្រង់ឈរ ហើយនៅដៃមានកាន់ឧបករណ៍ និងអាវុធផ្សេងៗដូចជា ដំបង, ខ្យងស័ង្ខ រីឯព្រះកេសវិញមានផ្នួងសក់។ ដូនពេញមានសេចក្តីត្រេកអរឥតឧបមា ហើយក៏បានចាត់ការសង់ខ្ទមមួយ សម្រាប់តម្កល់វត្ថុជាទីសក្ការ:ទាំងនោះទុកជាបណ្តោះអាសន្ន។ នៅក្នុងអំឡុងឆ្នាំ1372 ដូនពេញ និងអ្នកស្រុកជាច្រើននាក់ បានស្រុះស្រួលបបួលគ្នីគ្នាពួនជាភ្នំ និងសាងសង់វិហារមួយដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធទាំង4អង្គ។ ចំណែកឯទេវរូបថ្មមួយអង្គទៀត គាត់ដង្ហែរទៅតម្កល់ទុកលើអាសន:មួយ នៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែកទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា “អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់ពីសង់ព្រះវិហាររួចហើយ ដូនពេញក៏បាននិមន្តព្រះសង្ឃអោយមកគង់នៅជើងភ្នំនោះដែរ។ គឺចាប់តាំងពីពេលនោះដែលក្រោយមកទីតាំងនោះត្រូវបានគេហៅឈ្មោះថា «វត្តភ្នំដូនពេញ » ហើយដោយក្រោយមកគេហៅកាត់ថា «វត្តភ្នំ » រហូតមកដល់សព្វថ្ងៃ។ ឈ្មោះលោកយាយពេញ ដែលជាអ្នកសាងសង់ទីក្រុងនេះ ក៏ត្រូវបានគេយកទៅប្រើជាឈ្មោះទីក្រុង «ភ្នំពេញ» ជារៀងរហូតមក។


    3. នៅឆ្នាំ1434 ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនេះ។ នៅក្នុងបរិវេណវត្តភ្នំមានចេតិយបុរាណធំមួយនៅពីក្រោយព្រះវិហារ ដែលតម្កល់ព្រះធាតុ(ឆ្អឹង) របស់ព្រះបាទពញាយ៉ាត និងចេតិយសម្រាប់តម្កល់ព្រះធាតុ របស់ព្រះញាតិវង្សព្រះអង្គ។នៅក្នុងចេតិយនោះនៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតិយនិងព្រះវិហារនៅវត្តភ្នំបានកសាងជាច្រើនដងគឺនៅឆ្នាំ1434, 1806, 1894 និងឆ្នាំ1926 រួចបន្ទាប់មកទៀតបានការជួសជុលជាញយដង ដែលពីម្តងទៅម្តង កាន់តែធ្វើអោយវត្តភ្នំមានសម្រស់ប្រសើរឡើងៗ។ បច្ចុប្បន្នដើម្បីជាការដឹងគុណនិងទុកជាទីសក្ការ:អាជ្ញាធរសាលារាជធានីភ្នំពេញបានសាងសង់រូបសំណាកលោកយាយដូនពេញនៅជ្រុងខាងលិចនិងជ្រុងខាងត្បូង (និរតី) នៃវត្តភ្នំ។
    4. រមណីយដ្ឋានវត្តភ្នំ មានកេរិ៍ដំណែល និងស្លាកស្នាមប្រវត្តិសាស្រ្តជាច្រើន ដែលបន្សល់ទុកតាំងពីការកកើតរាជធានីភ្នំពេញដំបូង ក្នុងសតវត្សទី14 មកម្លេះ។ ក្នុងចំណោមនោះរូបសំណាកព្រះបាទស៊ីសុវត្ថិ ដែលតម្កល់នៅត្រង់ចង្កេះភ្នំដូនពេញ ផ្នែកខាងត្បូងក៏ជាកេរិ៍ដំណែលប្រវត្តិសាស្រ្តមួយដ៏សំខាន់ផងដែរ ក្នុងសម័យកម្ពុជាស្ថិតនៅក្រោមរាជការអាណាព្យាបាលបារាំង។ ព្រោះថារូបសំណាកនេះ ជានិមិត្តរូបនៃការថ្វាយបូរណភាពទឹកដីនៃខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ឌ អោយមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ។ ព្រះបាទស៊ីសុវត្ថិ ត្រូវបានក្រុមជំនុំធំសម្រាប់ព្រះបរមរាជវាំង រៀបចំពិធីអភិសេកអោយឡើងគ្រងរាជសម្បត្តិ ក្នុងគ្រឹស្តសករាជ1906 បន្ទាប់ពីព្រះបាទនរោត្តមទ្រង់ចូលសុវណ្ណគត។ កាលនោះព្រះបាទស៊ីសុវត្ថិមានព្រះជន 64ព្រះវស្សា។ មុនឡើងគ្រងរាជសម្បត្តិ ព្រះបាទស៊ីសុវត្ថិ គឺជាស្តេចព្រះឧបរាជដ៏ក្លាហានមួយព្រះអង្គ ដែលមិនចេះខ្លាចញញើតឡើយចំពោះការនាំទ័ពទៅធ្វើសង្រ្គាមបង្រ្កាបពួកបះបោរ (គ.ស 1861-1884)។ បណ្តាប្រជារាស្រ្តគោរពស្រលាញ់ព្រះអង្គ ជាក្សត្រដែលមានព្រះទ័យទូលំទូលាយ ចេះរាក់ទាក់ និងយោគយល់អធ្យាស្រ័យល្អ ចំពោះអ្នកផងទាំងពួង។ ស្នាព្រះហស្តរបស់ព្រះអង្គ គឺទ្រង់បានកសាងវិទ្យាល័យមួយស្ថិតនៅខាងក្រោយព្រះបរមរាជវាំង មានឈ្មោះថា “វិទ្យាល័យព្រះស៊ីសុវត្ថិ” នៅពេលដែលព្រះអង្គបានឡើងសោយរាជ្យ។ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ក្រៅពីទ្រង់បានបង្កើតព្រះរាជបណ្ណាល័យ សម្រាប់តម្កល់សៀវភៅធម៌ និងក្បួនច្បាប់សម្រាប់ជនទាំងឡាយទៅសិក្សា ទ្រង់បានកសាងសាលាបាលីសម្រាប់បង្រៀនព្រះត្រៃបិដក កសាងសាលារចនា និងសារមន្ទីរសម្រាប់ជនទាំងឡាយទៅសិក្សាពង្សាវតា ហើយនិងបង្កើតអោយមានសាលាច្បាប់សម្រាប់ធ្វើរាជការ។ នៅមានពត៌មានមួយទៀតសំខាន់ណាស់គឺកាលគ្រឹស្តសករាជ1907 នគរសៀមបានចុះសន្ធិសញ្ញាជាមួយរាជការអាណាព្យាបាលបារាំងប្រគល់ខេត្តបាត់ដំបង ស៊ីសុផុន និងសៀមរាបមកអោយខ្មែរវិញ បន្ទាប់ពីខេត្តស្ទឹងត្រែង ម្លូព្រៃ និងទន្លេពៅ ត្រូវបានសៀមប្រគល់មកអោយខ្មែរវិញម្តងរួចមក ហើយកាលពីគ្រឹស្តសករាជ1904។ គឺដោយស្នាព្រះហស្តរបស់ព្រះបាទស៊ីសុវត្ថិ ទាំងអស់នេះហើយដែលនាំអោយមានការស្ថាបនារូបសំណាកព្រះអង្គឡើង ដើម្បីទុកជានិមិត្តរូបតម្កល់នៅត្រង់ចង្កេះវត្តភ្នំដូនពេញ ភាគខាងត្បូងតាំងពីពេលនោះមក៕




Tags: Khmer Architecture

Post a Comment

0 Comments

Skip to main content